លោក ឌីក វ៉ាន់ ដ៊ែ ប៉ូអ៊ែល (Dick van der Poel)

បន្ទាប់ពីបានរៀនចប់នៅសាកលវិទ្យាល័យ ហារលឹម (Hogeschool Haarlem) នៅប្រទេសហូឡង់នាឆ្នាំ 1989លោក ឌីក បានផ្លាស់ទៅនៅប្រទេសស្វីស។ នៅទីនោះ លោកបានចាប់ផ្តើមអាជីពរបស់គាត់នៅផ្នែកព្យាបាលដោយចលនានៃមន្ទីរពេទ្យមួយក្នុងទីក្រុង ប៊ឺន (Bern) ។ នៅឆ្នាំ 1992 គាត់បានផ្លាស់ទៅទីក្រុង លូហ្កាណូ (Lugano) ទៅធ្វើការនៅគ្លីនិកឯកជនមួយ។ នៅទីនោះ នាចុងឆ្នាំ 1994 លោកបានបង្កើតគ្លីនិកឯកជនផ្ទាល់ខ្លួន ដែលគាត់បានកាន់កាប់រហូតដល់គាត់ផ្លាស់មកប្រទេសកម្ពុជា។

នៅឆ្នាំ 2010 លោក ឌីក វ៉ាន់ ដ៊ែ ប៉ូអ៊ែល បានបង្កើតឡើងនូវ «គ្លីនិកព្យាបាលដោយចលនាភ្នំពេញ» នៅផ្ទះតូចជាង ហើយនៅទីតាំងផ្សេងពីគ្លីនិកបច្ចុប្បន្ន។

ក្រៅពីផ្តល់ជូននូវការព្យាបាលដោយចលនាទូទៅ លោក ឌីក មានឯកទេសក្នុងវិធីសាស្ត្រព្យាបាលដោយដៃ និងការស្តាររាងកាយបន្ទាប់ពីការរងរបួស ឬការវះកាត់។ ក្នុងរយៈពេល 25ឆ្នាំ ចុងក្រោយនេះ លោក ឌីក មានចំណាប់អារម្មណ៍ ជាពិសេសទៅលើការព្យាបាលជំងឺឆ្អឹងខ្នង នឹងជំងឺប្រព័ន្ធគ្រោងឆ្អឹង និងសាច់ដុំ។ លើសពីនេះទៅទៀត លោក ឌីក ជាប់សញ្ញាប័ត្រលើសកំរិតបរិញ្ញាប័ត្រខាងការព្យាបាលដោយចលនានូវរបួសដែលបណ្ដាលមកពីការលេងកីឡា នៅទីក្រុង ដេរ៉េនឌីងហ្គេន (Derendingen) នៅប្រទេសស្វីស។

លោកចូលចិត្តធ្វើការជាមួយនឹងអ្នកជំងឺផ្នែកឆ្អឹង ដែលត្រូវការស្ដារឡើងវិញក្រោយការប៉ះទង្គិច ឬក្រោយការវះកាត់ ពីព្រោះអ្នកជំងឺបែបនេះ មានចិត្តព្យាយាមក្នុងការស្ដារឡើងវិញរបស់ខ្លួន។ ដំណើរជាឡើងវិញរបស់គេ អាចឃើញស្ទើរតែរាល់ថ្ងៃ។

នៅឆ្នាំ 2004 លោក ឌីក បានជាប់បរិញ្ញាប័ត្រខាងវិជ្ជាពេទ្យបុរាណចិន។ លោកនិយាយថា ការនេះបានធ្វើឲ្យគាត់ “បញ្ចូលវិជ្ជាពេទ្យចិន ទៅក្នុងការព្យាបាលដោយចលនា ពីព្រោះយើងអាចយល់ដល់ជំងឺ និងរោគសញ្ញារបស់វា ដោយប្រើរបៀបលោកខាងលិចផង និងរបៀបលោកខាងកើតផង។ វាអនុញ្ញាតឲ្យខ្ញុំព្យាបាលអ្នកជំងឺ ដោយប្រើវិធីសាស្ត្រគ្រប់ប្រភេទបញ្ចូលគ្នា”។